តើពេលណាល្អ សម្រាប់ដាក់ជី ឬថែទាំ រុក្ខជាតិ ?
នៅពេលដែលរុក្ខជាតិកំពុងតែលូតលាស់ល្អ ? ឬក៏រង់ចាំដល់ពេលរុក្ខជាតិស្វិតស្រពោន មិនសូវលូតលាស់ល្អ?
ជាការពិតណាស់ សម្រាប់អ្នកមានបទពិសោធន៍ និងចំណេះដឹងផ្នែកកសិកម្ម យើងដាក់ជីថែទាំរុក្ខជាតិ នៅពេលដែលរុក្ខជាតិ លូតលាស់ល្អ។
ចុះចំណែកនៅក្នុងទំនាក់ទំនង និងសុភមង្គល គ្រួសារវិញ ?
តើយើងស្វែងរកការជួយជ្រោមជ្រែង ការបង្ហាត់បង្ហាញពីគ្រូបង្វឹក ឬក៏អ្នកជំនាញដើម្បី ធ្វើការពិគ្រោះយោបល់នៅពេលណា ? នៅពេលដែលសុភមង្គលក្រុមគ្រួសារមានសភាពល្អប្រសើរ ឬក៏នៅពេលដែលមានបញ្ហាគ្រួសារ?
តើយើងគប្បីស្វែងរកការបង្ហាត់បង្ហាញ ការពិគ្រោះយោបល់ ពីគ្រូបង្វឹក ឬ អ្នកជំនាញ នៅពេលដែលយើងមាន ចំណូលល្អ ឬនៅពេលមានបញ្ហា?
ជាការពិត មនុស្សទូទៅ ពួកគាត់ស្វែងរក អ្នកជំនាញដើម្បីធ្វើការពិគ្រោះយោបល់ និងការបង្ហាត់បង្ហាញនៅពេលដែលពួកគាត់មានបញ្ហា។ ហើយអ្នកខ្លះរង់ចាំដល់បញ្ហាធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការដោះស្រាយស្រោចស្រង់ទើបគាត់ស្វែងរក ការជួយជ្រោមជ្រែង។
ដោយឡែក បើសិនបងប្អូនក្រឡេកមើលពី ដំណើរជីវិតរបស់កីឡាករ កីឡាការិនី ជើងឯកថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងថ្នាក់សកលលោកវិញ ហើយសួរថាតើពេលណាពួកគាត់ ទទួលបាននូវការបង្ហាត់បង្ហាញ និងការជួយជ្រោមជ្រែងពីគ្រូបង្វឹករបស់ពួកគាត់ និងពីក្រុមការងាររបស់ពួកគាត់? ចម្លើយគឺ គ្រប់ពេលវេលា។ នេះក៏ជាវិធីសាស្ត្រដែលអ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកវិនិយោគដែលមានភាពរីកចម្រើនទាំង នៅក្នុងពេលសេដ្ឋកិច្ចល្អ និងពេលដែលសេដ្ឋកិច្ច មានវិបត្តិ ពួកគាត់បានអនុវត្ត។ ពួកគាត់តែងតែមាននូវ ទីប្រឹក្សា គ្រូបង្វឹក និងក្រុមការងារដើម្បីធ្វើការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាដែលអាចកើតមានឡើងនៅថ្ងៃអនាគត និងវិធីសាស្ត្រដើម្បីចៀសវាងកុំឲ្យមានបញ្ហាទាំងនោះ។ នៅខណៈដែលមនុស្សជាច្រើនរង់ចាំដល់មានបញ្ហា ហើយពួកគាត់ក្លាយខ្លួនជាអ្នកជនរងគ្រោះនៃបញ្ហា។ ករណីខ្លះ នៅពេលដែលគាត់ទទួលរងនូវការឈឺចាប់ស្ទើរតែមិនអាចរ៉ាប់រងបាន ទើបគាត់រក អ្នកជំនាញឲ្យជួយ ។
ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងធ្វើការឆ្លុះបញ្ចាំងវិភាគនូវដំណើរជីវិត របស់មនុស្សនៅក្នុងសង្គម ទាំងកីឡាករ កីឡាការិនី អ្នកធ្វើអាជីវកម្ម អ្នកវិនិយោគ ទាំងអ្នកនៅក្នុងកម្រិតមធ្យម អ្នកដែលធ្វើបានល្អប្រសើរ និងអ្នកដែលធ្វើបានល្អប្រសើរបំផុត។ តើពួកគាត់ប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះដើម្បីឲ្យពួកគាត់នៅតែបន្តរីកចម្រើន ទោះស្ថិតក្នុងស្ថានភាពល្អ ឬក៏ស្ថានភាពមិនសូវល្អ។
ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងបន្តនៅក្នុងការសិក្សារៀនសូត្រ ពិសេសនៅក្នុងស្ថានភាពដូចនៅពេលបច្ចុប្បន្ន បងប្អូនត្រូវតែរៀនឲ្យបានលឿនអនុវត្តឲ្យបានលឿនរៀងរាល់ថ្ងៃ ។